មើលថ្ងៃលិចនៅប្រាសាទជ្រុង
ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ។ បើយើងចង់ទៅទស្សនាថ្ងៃ លិច កន្លែងដ៏ពិសិដ្ឋគ្មានពីរនៃប្រាសាទជ្រុងនោះ យើងគ្រាន់តែចូលពីខ្លោងទ្វារ ខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទនោះ យើងនឹង បានឃើញប្រាសាទតូចមួយ ទីនោះហើយដែលជាប្រាសាទជ្រុង ។ ការធ្វើ ដំណើរតាមផ្លូវនេះវាលំបាកបន្តិច គឺអាចធ្វើដំណើរបានតែថ្មើរជើង តែប៉ុណ្ណោះ នៅតាមផ្លូវយានយន្តមិនអាចធ្វើដំណើរបានឡើយ ហើយជាញឹកញាប់គេសង្កេត ឃើញមានដើមឈើ បាក់សង្កត់លើផ្លូវ ជាហេតុដែលមិនអាចឱ្យយានយន្តទៅបាន ប៉ុន្តែគេអាចទៅទស្សនាថ្ងៃលិច នៅប្រាសាទជ្រុងបានដោយងាយស្រួល ដោយ គ្រាន់តែធ្វើដំណើរដោយជិះទូកចែវរបស់ គង្គាអង្គរ តាមដងទន្លេអុំ គេអាចគយគន់ នូវទេសភាពព្រៃព្រឹក្សា និង មច្ឆជាតិតែប្រមាណ ២០ នាទីនោះ យើងនឹងបាន ទៅដល់កន្លែងកាច់ជ្រុងនៃទន្លេអុំ ហើយបន្តដំណើរឡើងប្រាសាទជ្រុងតាមផ្លូវចូល មួយដែលគេស្គាល់ថា រន្ធត្រដេវនោះនឹងបានដល់ប្រាសាទ ជ្រុង ។ ចំណុចដ៏ពិសិដ្ឋនៃការទស្សនាថ្ងៃលិចនៅប្រាសាទ ជ្រុងដែលមានទិដ្ឋភាពខុសពីការទស្សនាថ្ងៃលិចនៅកំពូល ប្រាសាទភ្នំបាខែងនោះ គឺថា ការទស្សនាថ្ងៃលិចនៅទី នេះ វាហាក់បីដូចជាយើងបានឃើញព្រះទិនក្ស័យយាង ចូលទិវង្គតសន្សឹមៗចំនួនពីរដំណាលគ្នា ដោយមួយអង្គ បានធ្វើដំណើរថយក្រោយបន្តិចម្តងៗ រហូតរលុបបាត់ ស្រមោលនៅជើងមេឃ និង មួយអង្គទៀតហាក់បីដូចជា ព្រះអង្គកំពុងយាងចុះទៅក្នុងទន្លេអុំ ហើយរលុបបាត់ ស្រមោលបន្តិចម្តងៗ ដោយជំនួសមកវិញនូវស្បៃរាត្រី កាលដែលមានព្រះចន្ទចាំងពន្លឺក្រហមប្រឿងៗដែលកំដរ ទៅដោយតន្ត្រីធម្មជាតិបន្លឺឡើងដោយខ្យល់ជំនោររាត្រី ទៅប៉ះនឹងព្រៃព្រឹក្សាលាយឡំជាមួយនឹងសំឡេងសត្វព្រៃ យំរំពងព្រៃ ខ្ទ័រជាមួយនឹងទឹកទន្លេអុំរឹតតែធ្វើឱ្យទីនេះ មាន ភាពអស្ចារ្យទ្វេឡើងថែមទៀត ។
អ្វីដែលធ្វើឱ្យភ្ញៀវទេសចរដែលបានទៅទស្សនា ថ្ងៃលិចនៅប្រាសាទជ្រុងមានការសោកសង្វេគនោះ គឺ ប្រាសាទដ៏តូចច្រឡឹងមួយនេះទទួលរងនូវការបាក់បែក ខ្ទេចខ្ទាំយ៉ាងដំណំនាសម័យស្រុកមានសង្គ្រាម ហើយ អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និង ស្រងាក ចិត្តនោះ ប្រាសាទនេះហាក់បីដូចជាត្រូវបានគេបោះបង់ ឱ្យកំព្រាឯកាទៅវិញ ។ នៅទីនោះក្រៅពីមានការទ្រទប់ ខ្លោងទ្វារចូលប្រាសាទដែលទំនងធ្វើជាយូរឆ្នាំមកហើយ នោះ ពុំមានការជួសជុលអ្វីទៀតឡើយ សូម្បីតែស៊ុមដែលសរសេរដាក់ស្លាក សញ្ញាប្រាសាទជ្រុង ក៏ត្រូវសត្វកណ្តៀរស៊ីសឹងមើលមិនយល់ផង ។
បើតាមការឱ្យដឹងរបស់មន្ត្រីអាជ្ញាធរអប្សរាមួយរូបដែលសុំមិនបញ្ចោញ ឈ្មោះបាននិយាយថា អាជ្ញាធរអប្សរាកំពុងរៀបចំធ្វើការជួសជុល និង អភិរក្ស ប្រាសាទជ្រុងនេះឡើងវិញ ពីព្រោះទីនេះជាទីកន្លែងទស្សនាថ្ងៃលិចដ៏គួរឱ្យទាក់ ទាញបំផុតនាពេលបច្ចុប្បន្ននេះ ។
ប្រវត្តិប្រាសាទជ្រុង
បើតាមឯកសារដែលស្រាវជ្រាវ និង ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ ។ តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រជយវរ្ម័នទី ៧ ។ នៅក្នុងសម័យអង្គរ ប្រាសាទជ្រុងគឺជា ហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នា យ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ ចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជយវរ្ម័នទី ៧ ។ រហូតមកទល់ ពេលនេះ ប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និង ការបំផ្លិចបំផ្លាញរបស់មនុស្ស ។
កោះផ្តៅខេត្តក្រចេះ
ដោយសារតែតំបន់ទេសចរណ៍កោះផ្តៅ ទើបតែបង្កើតថ្មី អ្នកទេសចរជាតិ និង អន្តរជាតិ ភាគច្រើនមិនទាន់បាន ស្គាល់តំបន់ ទេសចរណ៌នេះ ប៉ុន្មាននៅឡើយទេ ។ បើគេចង់ធ្វើដំណើរទៅលេង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កោះផ្តៅនេះ គេត្រូវធ្វើដំណើរ ចេញពីភ្នំពេញ តាមផ្លូវជាតិលេខប្រាំពីរ ឆ្ពោះទៅទីរួមខេត្ត ក្រចេះ ដោយប្រើរយៈពេលប្រាំពីរម៉ោង ។ នៅពេលទៅដល់ទីរួមខេត្តក្រចេះ ភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរ តាមរថយន្ត ឈ្នួលទៅកាន់ស្រុកសម្បូណ៌ ដែលមានចម្ងាយសាមសិបប្រាំមួយគីឡូម៉ែត្រទៀត ។ ដើម្បីធ្វើដំណើរទៅកាន់ កោះផ្តៅ ត្រូវជិះទូកចម្ងាយប្រាំបីគីឡូ ម៉ែត្របន្តទៀត ។
បើនៅរដូវប្រាំងវិញ នៅពេលគេមើលសត្វ ផ្សោតរួចហើយ ភ្ញៀវទេសចរ នាំគ្នាដើរលំហែ កាយតាមឆ្នេរខ្សាច់ និង ជិះទូក លម្ហែកាយតាមដងទន្លេ ដើរទស្សនាតាមភូមិឋានអ្នកស្រុក និង មានការ បង្ហាញអំពីវប្បធម៌ លៀងអារក្ស អ្នកតា របស់អ្នកស្រុកជូនដល់ភ្ញៀវទេសចរផងដែរ ។
ខេត្តព្រះសីហនុ
តំបន់កម្សាន្តធម្មជាតិនៅក្នុងខេត្តនេះចែកចេញជា៣ផ្នែកគឺ តំបន់កម្សាន្តឆ្នេរក្រុង តំបន់កម្សាន្តកោះ និងតំបន់ កម្សាន្តទឹកសាប។
-តំបន់កម្សាន្តឆ្នេរក្រុង
ជាតំបន់ដែលមានឆ្នេរឋិតនៅជាប់នឹងក្រុងតែម្ដង ដែលទេសចរអាចធ្វើដំណើរតាមរថយន្តទៅកម្សាន្តបាន។ តំបន់នេះមានឆ្នេរខ្សាច់សក្បុស ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់គួរឱ្យចង់ងូត។ ឆ្នេរនៅតំបន់ នេះមានដូចជា ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរ៧ជាន់ ឆ្នេរដើមជ្រៃ ឆ្នេរឯករាជ្យ ឆ្នេរសមុទ្ររាម ជាដើម។
-តំបន់កម្សាន្តកោះ
គេអាចធ្វើដំណើរតាមទូក ឬកាណូតដើម្បីទៅកម្សាន្តនៅកោះមួយចំនួនដែលមានទីតាំងជិតៗ ខេត្តព្រះសីហនុ ដូចជា កោះថ្មី កោះតាកៀវ កោះឬស្សី កោះពស់ជាដើម។ តំបន់កោះទាំងនេះមានទេសភាពស្រស់ស្អាតព្រមទាំងមានឆ្នេរខ្សាច់ដ៏ ត្រកាលផងដែរ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់កោះ ព្រោះមានទេសភាពគួរឱ្យទាក់ចិត្តជាមួយនឹងទឹក សមុទ្រថ្លាយង់ មានទាំងឆ្នេរខ្សាច់សក្បុស និងធម្មជាតិព្រៃភ្នំ ប្រណីតៗ ទៀតផង។
-តំបន់កម្សាន្តទឹកសាប
ស្ថិតនៅក្នុងខណ្ឌព្រៃនប់ មានចម្ងាយ៧គីទ្បូមែត្រពីទីក្រុងព្រះសីហនុ រួចបត់ឆ្វេងចូលតាមផ្លូវ ដីក្រហមចម្ងាយ ជាង៩គីទ្បូមែត្រទៀត។ ទឹកជ្រោះនៅក្បាលឆាយមានប្រភពផ្សេងពីបណ្ដាភ្នំតាមតំបន់មាត់សមុទ្រ។ ទឹកជ្រោះក្បាលឆាយ ត្រូវបានគេរកឃើញនៅឆ្នាំ១៩៦០ ហើយរហូតមកដល់ឆ្នាំ១៩៦៣ វាត្រូវបានគេរៀបចំធ្វើជាប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ក្រុងព្រះសីហនុ ប៉ុន្តែការរៀបចំនេះត្រូវបរាជ័យ ហើយបានក្លាយទៅជាជំរំលាក់ខ្លួនរបស់ពួកខ្មែរ ក្រហមទៅវិញ។ ក្នុងឆ្នាំ១៩៩៧ តំបន់ក្បាលឆាយត្រូវបាន ផ្លាស់ប្ដូរអោយក្លាយទៅជាតំបន់អភិវឌ្ឍន៍ រហូតមកដល់ ឆ្នាំ១៩៩៨ ក្បាលឆាយត្រូវបានដេញថ្លៃដោយក្រុមហ៊ុនមួយដើម្បីធ្វើការ សាងសង់ផ្លូវ និងផ្លាស់ប្ដូរតំបន់នេះអោយក្លាយជាមណ្ឌលទេសចរសំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក៏បានអភិវឌ្ឍតំបន់នេះអោយក្លាយ ទៅជាកន្លែងផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុផងដែរ។ ទេសចរភាគច្រើនជាជនជាតិខ្មែរដែលមកពីទី កន្លែងផ្សេងៗដូចជាខេត្តព្រះសីហនុ កោះកុង ខេត្តកំពត និងក្រុងភ្នំពេញ ដែលពួកគេចូលចិត្តទៅកម្សាន្តជាលក្ខណ គ្រួសារដោយមានរៀបចំអាហារសម្រាប់ទទួលទានរួចស្រេចផងដែរ។
រមណីយដ្ឋានសេកសក
បើយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះ ទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថា ផ្សារ ជៀវ ។ ពេលនោះយើងមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយ ដែលរំលេចអក្សរធំៗថា “រមណីយដ្ឋានទឹកធ្លាក់សេកសក” ។ បន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែលជា ១៣ គីឡូម៉ែត្រ យើងនឹងឃើញស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែលសរសេរថា “រមណីយដ្ឋានសេកសក សូម ស្វាគមន៍” ។
តំបន់ព្រៃភ្នំនៃឃុំផ្លូវមាស អតីតធ្លាប់ជាសមរភូមិ ប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ ស្រស់ត្រកាល និង ជាកន្លែងលួងលោមបបោស អង្អែលអារម្មណ៍ដែលស្មុគស្មាញ ឱ្យប្រែក្លាយជាភ្លឺ ថ្លាជ្រះស្រឡះផុតក្តីមួហ្មង ។ ស្នូរគ្រាប់កាំភ្លើងផូង ផាងដ៏គួរឱ្យព្រឺខ្លាច ប្រែក្លាយជាសំឡេងតន្ត្រីធម្មជាតិ យ៉ាងពីរោះរណ្តំលន្លង់លន្លោចគួរឱ្យជក់ចិត្តដិតអារម្មណ៍ក្រៃលែង ។
រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពិសេសរដូវចូល ឆ្នាំ និង ភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទ គ្រប់ វ័យ តែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋាសេកសក នេះយ៉ាងច្រើនកុះករ ។
រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតារដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹង សង្កែ ។ ក្រៅពីក្បូរក្បាច់រចនាដែលធម្មជាតិផ្តល់ឱ្យ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដាតូចធំប្រគំជា សូរឈូឆរហើយនោះ ក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ ។ ញសពេញផ្ទៃឧទ្យានទាំងមូល គេដាំដើមឈើ ជាច្រើនប្រភេទ នៅក្រោមម្លប់ឈើនីមួយៗគេបានដាក់បង់សម្រាប់ភ្ញៀវអង្គុយ លេង សម្រាកលម្ហែកាយយ៉ាងត្រជាក់ចិត្ត ។ នៅចំពីមុខមានស្រះមួយដែលមាន ទឹកថ្លាឈ្វេង និង មានប៉េដាឡូរូបទា រូបក្ងាន រូបសេះសិប្បនិមិត្ត សម្រាប់ភ្ញៀវជិះ កម្សាន្ត ។ នៅតាមចន្លោះដើមឈើគេបានសាងរូបចម្លាក់ជាច្រើនប្រភេទ ប៉ុន្តែក្នុង ចំណោមរូបទាំងនោះមានរូបមួយដែលភ្ញៀវចាប់អារម្មណ៍ជាងគេ គឺរូបសេកញី ឈ្មោលមួយគូនៅចំកណ្តាលឧទ្យាន ជាស្នាដៃដ៏វិចិត្ររបស់ជាងចម្លាក់ដៃឯក ដែល រំឭកទៅដល់ស្នេហាដែលបានរៀបរាប់ដោយលោក ស៊ិន ស៊ីសាមុត ។ ម៉្យាង វិញទៀត រូបនេះជានិមិត្តរូបតែមួយគត់របស់រមណីយដ្ឋានសេកសកនេះ ។
នៅចុងខាងជើងនៃសួនឯណោះវិញ គេសង់រោងមួយយ៉ាងវែងចែកជាពីរ ខណ្ឌ មួយខណ្ឌដាក់រថយន្តអគ្គិសនីសម្រាប់ភ្ញៀវជិះកម្សាន្ត ឬ ដែលញក្យធម្មតា ហៅថា “ឡានបុកគ្នា” ។ ចំណែកមួយខណ្ឌទៀតគេដាក់គ្រឿងបំពងសំឡេង ពីរោះរងំសម្រាប់រាំកម្សាន្ត ។ រីឯនៅមាត់ស្ទឹងសង្កែ ក្រុមយុវវ័យនាំគ្នាងូតទឹក លេងយ៉ាងរីករាយ ខ្លះមុជចាប់គ្នា ខ្លះបណ្តែតខ្លួនលេងតាមខ្សែទឹកហូរយ៉ាង សប្បាយរីករាយ ។
លោក ស៊ិន ស៊ីធឿន មកពីទីក្រុងភ្នំពេញបានបណ្តែតមនោសញ្ចេតនា សប្បាយរីករាយក្រៃលែង ដោយលោកបាននិយាយថា លោកបានមកកាន់ខេត្ត បាត់ដំបងនេះជាច្រើនដងហើយ ឯកន្លែងដែលលោកចាប់អារម្មណ៍ជាងគេ គឺ សេកសកនេះតែម្តង ។ នៅទីនេះស្រឡះមុខស្រឡះមាត់សម្បើមណាស់ មិន អាប់អួដូចនៅទីក្រុងទេ ហើយពេលមកម្តងៗទេសភាពនៅតែប្លែករហូត ញេល គឺទីនេះមានការអភិវឌ្ឍមិនចេះចប់ ម្ចាស់សួនខំកែច្នៃឱ្យមានអ្វីប្លែកៗដើម្បីទាក់ ទាញភ្ញៀវមកកម្សាន្ត ។ ចំណែកតម្លៃសេវាកម្មវិញក៏ថោកសមរម្យ ។
កញ្ញា ឃាន សុខឿន មកពីវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង និយាយ ថា នាងមកទីនេះយ៉ាងហោចណាស់មួយឆ្នាំបីដងដែរ គឺរដូវចូលឆ្នាំខ្មែរ រដូវ ចូលឆ្នាំចិន និង រដូវភ្ជុំបិណ្ឌ ។ នាងមកទីនេះជាមួយមិត្តភក្តិជាច្រើនរូប ព្រោះ ទីនេះមានបរិស្ថានល្អ ខ្យល់អាកាសត្រជាក់ ទេសភាពប្លែកៗ មានសួន មានរូប សត្វ មានឧបករណ៍កម្សាន្ត លើសពីនេះទៀតបានមុជទឹកស្ទឹងសង្កែ ដែលជា ស្ទឹងកវីនិពន្ធ ។ រាល់ពេលតប់ប្រមល់ ឬ ស្មុគស្មាញក្នុងចិត្ត សុខឿន តែងមក បន្ធូរអារម្មណ៍នៅទីនេះ ។
លោក ធី សុធឿន អាយុ ២៣ ឆ្នាំ មកពីក្រុងបាត់ដំបងបានឱ្យដឹងដែរថា នៅរមណីយដ្ឋានសេកសកនេះបម្រើសេវាកម្មបានល្អ ហើយថោកសមរម្យទៀត ផង គឺផ្ញើរថយន្ត ៥.០០០ រៀល ផ្ញើម៉ូតូ ២.០០០ រៀល មនុស្សម្នាក់ ១.០០០ រៀល និង ម្ហូបអាហារឆ្ងាញ់ ហើយថោកល្មមសមរម្យ ។ លោកចូលចិត្តមក សាងអនុស្សាវរីយ៍ស្នេហាទីនេះណាស់ ។
បើតាមសៀវភៅទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាបានសរសេរថា រម-ណីយដ្ឋានសេកសកមានទីតាំងស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០ គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុក សំឡូត ។ សេកសកគឺជារមណីយដ្ឋានធម្មជាតិដែលគេនិយមទៅកម្សាន្តតាំងពី សម័យមុនសង្គ្រាមមកម៉្លេះ ។ សេកសកជាជម្រាលចំណោតស្ទឹងដែលហូរលើ ផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើងដោយអន្លើៗ មានបណ្តោយប្រមាណ ៥០០ ម៉ែត្រ អមដោយរុក្ខជាតិតូចធំពណ៌បៃតងខៀវស្រងាត់ និង ព្រៃឫស្សីដែល ជាម្លប់ដ៏ត្រជាក់តាមបណ្តោយមាត់ស្ទឹងសេកសក ។ អ្នកទៅលេងសេកសក អាច ចូលលេងរមណីយដ្ឋានពពុះពេជ្រចិន្តា ដងទង់ និង រមណីយដ្ឋានបុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក ៕
ទឹកជ្រោះអន្លង់រ័ត្ន
ស្លាកស្នាមព្រៃឈើដែលទទួលរងនូវការកាប់បំផ្លាញយ៉ាងរង្គាលកាលពីប៉ុន្មានឆ្នាំមុននោះមិនទាន់ រលុបបាត់នៅឡើយប៉ុន្តែកូនឈើដែលទើបតែដុះដើមល្បាស់ថ្មីៗនៅលើគល់ឈើចាស់ដែលបាន ដុះលូតលាស់សាជាថ្មីជាសញ្ញាបង្ហាញថាបរិស្ថាននៅទីនោះត្រូវបានគេយកចិត្តថែរក្សាវាជាថ្មីឡើងវិញ ។
សំឡេងនៃសន្ធឹកទឹកជ្រោះហូរធ្លាក់ពីល្បាក់ភ្នំលាន់ឮសូរឈូៗ គួបផ្សំនឹងល្បឿនខ្យល់ដែលបោកបក់មក ប៉ះជាមួយព្រៃព្រឹក្សានិងស្លឹកឫស្សីឮសូរវូៗលាយឡំជាមួយនឹងសំឡេងយំរបស់បក្សាបក្សីផងនោះ បង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះក្រៃលែងធ្វើឱ្យភ្ញៀវទេសចរទាំងឡាយកាលបើបាន ទៅដល់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នហើយពិតជាមានអារម្មណ៍ភ្លឺថ្លាក្រៃលែង ។ ចំពោះអ្នក ដែលស្រឡាញ់និងចូលចិត្តធម្មជាតិពិសេសភ្ញៀវទេសចរបរទេសទីនោះបានក្លាយទៅជាឋានសួគ៌ សម្រាប់ការលម្ហែកាយរបស់ពួកគេ ។
ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណបួនគីឡូម៉ែត្រ ខាងជើងឧទ្យានជាតិគិរីរម្យ និង មានចម្ងាយប្រមាណបីគីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់មានទីតាំងស្ថិតក្នុងឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សហគមន៍ទេសចរណ៍ក្នុងឃុំចំបក់ ។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នចាប់ផ្តើមបង្កើតឡើងនៅចុងឆ្នាំ២០០៨ ដោយមានការបង្ហាត់បង្រៀនពីអង្គការម្លប់បៃតង មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភពីអង្គការ អាយ វី ស៊ី អិន របស់ប្រទេសហុល្លង់ ។ គេអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នបានដោយមធ្យោបាយគ្រប់ប្រភេទទៅ ដល់កន្លែងតែម្តង ។ មុននឹងបានចូលទៅដល់រមណីយដ្ឋានអន្លង់រ័ត្នភ្ញៀវទេសចរបានធ្វើដំណើរកាត់ភូមិស្ថានរបស់ប្រជាពលរដ្ឋ ដែលពួកគេបានឈរទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់និងកក់ក្តៅជាទីបំផុត ។ នៅក្នុងភូមិស្ថានទាំង ប្រាំបួនរបស់ឃុំចំបក់មានផ្ទះសំណាក់ហូមស្តេយ៍ដំណាំហូបផ្លែផ្កាភ្ញីសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលមានបំណងស្នាក់នៅនិងហូបចុកនៅទីនោះក្នុងតម្លៃសមរម្យដែលរៀបរៀងដោយអ្នក ភូមិនៅក្នុងសហគមន៍ដោយផ្ទាល់ហើយបើភ្ញៀវទេសចរចង់ទស្សនាសិល្បៈសហគមន៍ នឹងរៀបចំសម្តែងជូនទស្សនាតាមសេចក្តីត្រូវការ ។
នៅខាងមុខស្នាក់ការសហគមន៍ទេសចរណ៍ទឹកជ្រោះអន្លង់រ័ត្ន មានភ្នាក់ងារទេសចរណ៍សហគមន៍រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរដែលបានមកទស្សនានៅទីនេះ ។ ភ្ញៀវទេសចរខ្មែរម្នាក់ដែលចូលទស្សនានៅរមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ន ត្រូវបង់ប្រាក់ថ្លៃទិញសំបុត្រមួយពាន់រៀលឯភ្ញៀវបរទេសវិញ ត្រូវចំណាយថវិកាមួយដុល្លារ ក្នុងការចូលទៅទស្សនាម្តងៗ ។
នៅរមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នមានចំណុចបីសំខាន់ដែលធ្វើការទាក់ទាញភ្ញៀវទេសចរ ។ ទីមួយភ្ញៀវទេសចរអាចដើរកម្សាន្តលេងនៅក្នុងព្រៃ និងឡើងលើកំពូលភ្នំយ៉ាងខ្ពស់មួយដែលជាប្រភពនៃ ទឹកហូរធ្លាក់ចូលទឹកជ្រោះអន្លង់រ័ត្ន ។ នៅពេលដែលយើងបានឈរនៅលើកំពូលភ្នំនោះ យើងនឹងបានឃើញទិដ្ឋភាពព្រៃព្រឹក្សា និង ទឹកជ្រោះជ្រលងដងអូរទាំងឡាយ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ធទៀតផង ។ ចំណុចទីពីរភ្ញៀវទេសចរអាចទៅទស្សនា នៅទឹកជ្រោះអន្លង់រ័ត្ន ហើយនិងបានឃើញទឹកជ្រោះដែលហូរធ្លាក់ពីលើកំពូលភ្នំយ៉ាងលឿនចុះមកក្រោម នៅរដូវវស្សាល្បឿនទឹកហូរយ៉ាងខ្លាំង ធ្វើឱ្យទឹកបែកពពុះយ៉ាងខ្លាំង និង ទឹកខ្ទាតបែកខ្ចាយទៅប៉ះនឹងផ្ទាំងថ្ម និង ព្រៃព្រឹក្សា បង្កើតបានជាទេសភាពមួយថ្មីទៀត គួរឱ្យចង់គយគន់ក្រៃលែង ។ ចំពោះនៅរដូវប្រាំងវិញ ទឹកជ្រោះអន្លង់រ័ត្នបានហូរធ្លាក់សន្សឹមៗចូលទៅក្នុងស្ទឹង ហើយបន្ត ហូរកាត់ព្រៃព្រឹក្សា និង ផ្ទាំងថ្មតូចធំ ធ្វើឱ្យអ្នកទេសចរដែលចូលចិត្តនិយមការងូតទឹកកម្សាន្តនៅទីកន្លែងនោះ ហើយជាកន្លែងត្រេកត្រអាលក្រៃលែងរបស់ភ្ញៀវនៅពេលដែលគេបានឃើញនូវទេសភាព និង ទិដ្ឋភាពដែលទឹកហូរកាត់ ផ្ទាំងថ្មតូចធំ និង មានរំលេចទៅដោយកូនត្រីតូចៗដែលហែលប្រដេញគ្នារកចំណីនៅតាមកន្លៀតថ្ម ។ ចំណុចទីបី ភ្ញៀវអាចទៅលេងកម្សាន្តនៅក្នុងបឹងមួយយ៉ាងធំដែលមានទំហំប្រមាណជាងមួយហិកតារ ដែលមានទឹកថ្លាឆ្វង់ និង នៅរដូវវស្សា ទឹកល្អក់ជាងនៅរដូវប្រាំង ។ នៅជុំវិញបឹងយ៉ាងធំនោះមានតូបតូចៗសម្រាប់ជួលឱ្យភ្ញៀវទេសចរ សម្រាកលម្ហែកាយ អង្គុយ និង ដេកសម្រាក ។ នៅក្នុងទឹកបឹងយ៉ាងធំល្វឹងល្វើយ ភ្ញៀវទេសចរ ពិសេសភ្ញៀវខ្មែរតែម្តង និយមងូតទឹកលេងកម្សាន្តមានពោងកៅស៊ូ កង់រថយន្តជាច្រើន ត្រូវបានគេដាក់ជួលឱ្យភ្ញៀវដែលនិយមចុះងូតទឹកលេង ។ ក្រោយពីឡើងពីងូតទឹកលេងហើយភ្ញៀវទេសចរកុម៉្មង់មាន់ដុត ឬ ម្ហូបផ្សេងៗរបស់សហគមន៍ដែលនាំគ្នាលក់ជូនភ្ញៀវតាមសេចក្តីត្រូវការមានរសជាតិឈ្ងុយឆ្ងាញ់ និង មានតម្លៃសមរម្យ ។
លោក វ៉ា មឿន ប្រធានអង្គការម្លប់បៃតងបានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះ ស្ថិតនៅក្នុងព្រៃសហគមន៍ឃុំចំបក់ ដែលមានផ្ទៃដីរួមជាងពីរហិកតារ មានប្រជាពលរដ្ឋចំនួនប្រាំបួនភូមិជាអ្នកគ្រប់គ្រង និង ទទួលផល ប្រយោជន៍ដោយផ្ទាល់ពីរមណីយដ្ឋាននេះ ។ ការបង្កើតឡើងរមណីយដ្ឋាននេះ គឺមានគោលបំណងពីរសំខាន់ ទីមួយ គឺការរកចំណូលសម្រាប់កែប្រែ និង លើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ និង ទីពីរ គឺការចូលរួមការពារបរិស្ថាន បញ្ចៀសការកាប់ព្រៃឈើ និង បរបាញ់សត្វព្រៃ និង បណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ព្រៃឈើ និង សត្វព្រៃ ព្រោះទីនេះជាអាយុជីវិតរបស់គាត់ ។ ភ្ញៀវដែលទៅទស្សនានៅរមណីយដ្ឋានអន្លង់រ័ត្ន ក្រៅពីការទស្សនាទឹកជ្រោះព្រៃព្រឹក្សា និង ងូតទឹកបឹង ភ្ញៀវទេសចរក៏នាំគ្នាទៅកម្សាន្ត ល្បែងប្រជាប្រិយ ដែលសម្តែងដោយអ្នកភូមិ និង ធ្វើការស្វែងយល់ពី ជីវភាព និង ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះទៀតផង ៕