វិធីធ្វើម្ហូប


សំលម្ជូរគ្រឿង​សាច់គោ

គ្រឿងផ្សំ៖
  • សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
  • ត្រកួន
  • គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​ (​បើមាន)
  • សណ្តែកដីលីង
  • ម្ជូរ​សណ្តាន់ ឫ អំពិលទុំ
  • ប្រហុក
  • ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
  • ហាន់​សាច់គោជា​បន្ទះតូចៗ
  • បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង។
  • ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
  • ដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នា។ ដាក់ម្ជូរ​សណ្តាន់ ឫ អំពិលទុំ រួច​ដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមទឹករំងាស់មួយស្របក់អោយសាច់គោផុយ​។ រួច​ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។
  • ត្រកួន​ត្រូវកាត់​ខ្លីៗ (ដូចក្នុង​រូប) ចាំ​ពេល​រៀប​ញ៉ាំ​ចាំ​ដាក់​ចូល​ទុក​១ពុះទើប​នៅ​ពណ៌​បៃតង​ស្រស់ ហើយមាន​រសជាតិឆ្ងាញ់ មិនរលួយពេក។

ទឹក​គ្រឿង

គ្រឿងផ្សំ៖
  • ត្រីរ៉ស់ រឺត្រីឆ្តោរ (ត្រី​អ្វីក៏បានដែរអោយតែ​មាន​សាច់​ច្រើន​មិន​សូវ​មាន​ឆ្អឹង)
  • អំពិល​ទុំ
  • ប្រហុក
  • ជី​បន្លា
  • សណ្តែក​ដី​លីង (មិន​បាច់​ដាក់​ក៏បាន​បើ​មិន​ចូល​ចិត្ត)
  • ស្ករស  អំបិល
  • អន្លក់៖ ផ្កាស្នោ ផ្កា​កំប្លោក ត្រប់វែង ត្រសក់ ប៉េងប៉ោះ ននោង ត្រកួន  ស្ពៃ​ខៀវ (និងបន្លែ​ផេ្សងៗ)
របៀបធ្វើ៖
  • លាងត្រីអោយស្អាត​ ដាក់​ចំហុយ ជាមួយ​ប្រហុក។
  • ស្រង់​ត្រី​ចេញ​ពី​តឹក​ប្រហុក។ បេះយកសាច់ បុកអោយ​ឡើង​សរសៃ។
  • ជ្រំទឹក​ប្រហុក​ចំហុយ ជាមួយ​អំ​ពិល​ទុំ រួច​ចាក់ចូល​ត្រី​បុក លៃ​យ៉ាងណា​កុំ​អោយ​រាវ​ពេក។
  • ដាក់​អំបិល​និង​ស្ករ ភ្លក់តាមរសជាតិ​ដែល​ចូល​ចិត្ត ។ រួច​ហាន់ជី​បន្លា​ឆ្មារៗ​ដាក់ ​ទុកជាបានការ។
  • បុក​សណ្តែក​ដី​លីងដាក់ បើចួលចិត្ត។
  • បន្លែអន្លក់​ដែល​ត្រូវ​ស្រុះ មាន ននោង  និង ស្ពៃ​ខៀវ។

សំល​ម្ជូរខ្ទិះសាច់គោ

វិធីធ្វើសំលនេះស្រដៀង​គ្នា​នឹង វិធីធ្វើសំលការីដែរ។
គ្រឿងផ្សំ៖
  • សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
  • ម្នាស់ សណ្តែកកួរ
  • គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
  • ម្ជូរសណ្តាន់ ឫ អំពិលទុំ
  • សណ្តែកដីលីង
  • ម្ទេសឆ្អើរ
  • គ្រឿងការី
  • ខ្ទិះដូង
  • ប្រហុក ឫ​ កាពិ
  • ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
  • ហាន់​សាច់គោជា​បន្ួះតូចៗ
  • កាត់ម្នាស់ជា​ដុំតូចៗ
  • កាត់សណ្តែកកួរ​ខ្លីៗ
  • ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
  • បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
  • ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
  • ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង​​សណ្តែកកួរ​ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។
ចំណាំ៖
  • បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
  • បើយក​សាច់​ផុយ ពេល​ដាក់​ម្នាស់​ចូល​ច្បាស់​ជា​រលួយសាច់លែងឆ្ងាញ់អស់ហើយ។

ខត្រី

គ្រឿងផ្សំ៖
  • ត្រីរ៉ស់ រឺត្រីឆ្តោរ
  • ស្ករសរឺស្ករត្នោត  អំបិល ម្រេច ទឹក​ត្រី  ខ្ទឹមស
របៀបធ្វើ៖
  • លាងត្រីអោយស្អាត​ កាត់ជាកង់ៗ ​ប្រលាក់អំបិល  រួចផ្អាប់ទុក​រយៈពេល​១ម៉ោង ដើម្បី​អោយខទៅសាច់​ត្រី​រឹង​ល្អ។
  • ដាក់​ឆ្នាំងលើ​ភ្លើង​អោយ​ក្តៅចាក់​ស្ករសរី​ស្ករ​ត្នោតចូលរួចកូរអោយ​ឈ្ងុយនិងឡើង ពណ៌ក្រហមល្អ។
  • ដាក់​ត្រី​ចូល ដាក់​ខ្ទឹម​ចិញ្ច្រាំ ដាក់ម្រេច ចាក់​ទឹក​ត្រី។ រំងាស់​បន្តិច រួចចាក់​ទឹក​ចូល (កុំច្រើនពេក)។ រំងាស់មួយសន្ទុះ ភ្លក់តាមរសជាតិ​ដែល​ចូល​ចិត្ត ទុកជាបានការ។

ឆ្អឹងជំនីរជ្រូកអាំង

គ្រឿងផ្សំ៖
  • ឆ្អឹងជំនីរជ្រូកជាប់សាច់
  • ខ្ទឹមស
  • ស្ករស អំបិល ទឹកត្រី ម្រេច ប្រេងខ្យង
របៀបធ្វើ៖
  • កាប់ឆ្អឹងជំនីរជ្រូកជាបន្ទះៗដូចក្នុងរូបខាងលើ
  • ចិញ្ច្រាំខ្ទឹមដាក់ឆ្អឹងជំនីរជ្រូកដែលកាប់រួច​ ដាក់ស្ករស អំបិល ទឹកត្រី ម្រេច ប្រេងខ្យង អោយមានរសជាតិមុតបន្តិច។ច្របស់ចូលគ្នារួចទុករយៈពេលពី៣០នាទី​យ៉ាងតិច (អោយចូលជាតិល្អ)។
  • រួចដាក់អាំង ទុកជាការស្រេច។

សំលការីសាច់មាន់

គ្រឿងផ្សំ៖
  • សាច់មាន់
  • ដំឡូងជ្វា ឫ ​ដំឡូងបារាំង
  • ត្រប់ (មិនបាច់ដាក់ក៏បាន​បើមិនចូលចិត្ត)
  • ខ្ទឹមបារាំង
  • គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
  • សណ្តែកដីលីង
  • ម្ទេសឆ្អើរ
  • គ្រឿងការី
  • ខ្ទិះដូង
  • ប្រហុក ឫ​ កាពិ
  • ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
  • កាប់សាច់មាន់ជាដុំ
  • ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
  • ចិតសំបកត្រប់ ហើយចិតជាដុំៗ
  • ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
  • កាត់ត្រប់ជា​ដុំៗ
  • ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
  • បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
  • ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
  • ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់មាន់ច្របល់ចូល​គ្នាមួយច្របក់ដាក់ទឹកត្រី ​អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និង​ត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។
ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។

វិធីធ្វើជ្រក់ស្ពៃ

វិធីធ្វើជ្រក់ស្ពៃក៏មិនខុសពីវិធីធ្វើជ្រក់សណ្តែកបណ្តុះដែរ។
គ្រឿងផ្សំ៖
  • ស្ពៃ  (មិន​ដឹង​ឈ្មោះអី​ដែរ សូម​មើល​រូបខាងលើ។ ស្ពៃនេះ​ងាយ​រក​ទិញណាស់។)
  • ទឹក​អង្ករ (ទឹកបាយ)   អំបិល
របៀបធ្វើ៖
  • លាងស្ពៃអោយ​ស្អាត ពុះជា២ ឫជា៤ រឺមិន​បានបាច់​ពុះ​ទៅ​តាម​ទំ​ហំ​ស្ពៃ។ រួចដាក់ក្នុង​ឆ្នាំង វឺអ្វី​ដែល​អាច​ដាក់​ទឹក​ក្តៅ​បាន។
  • ដាក់អំបិលអោយប្រៃ​បន្តិច។
  • ដាំទឹកអង្ករអោយពុះ (​ទឹក​អង្ករគឺទឹកដែលបា​នមកលាង​អង្ករ​។  ប្រើ​ទឹក​បាយ​​ពុះក៏បានដែរ គ្រាន់តែបាន​តិច)
  • ចាក់​ទឹកដែល​ពុះក្នុងឆ្នាំងស្ពៃ​ ធ្វើ​យ៉ាងណា​អោយ​លិចស្ពៃ។
  • ពេលវា​ត្រជាក់​ចាក់​ដាក់​ក្នុង​ក្រល បិទគំរប​អោយ​ជិត ទុក​រយៈពេល​៣ថ្ងៃ អាច​បរិភោគ​បានហើយ។

ពងមាន់​ប្រៃ

គ្រឿងផ្សំ៖
  • ពងមាន់
  • អំបិល
  • ទឹក (ទឹក​ឆៅកុនង​សីតុណ្ហភាព​ធម្មតា)
របៀបធ្វើ៖
  • លាយ​ទឹក​អំបិល​ទៅ​តាម​ចំនួន​ពងមាន់
  • ទឹក​អំបិល​ ត្រូវ​ដាក់​អំបិល​យ៉ាងណាអោយ​កូរ​ទៅ​អំបិលនោះលែង​រលាយ រួចហើយដាក់​ពងមាន់​ត្រាំ​​ រយៈ​ពេល​ពី​២​អាទិត្យអាចប្រើការបាន​ហើយ។

ញាំស្តៅ













គ្រឿងផ្សំ៖
  • ត្រី​ (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ា…ត្រីដែលមានស្រកាហើយមានសាច់ច្រើន)
  • ស្តៅ (ផ្កានិងត្រួយ)
  • សណ្តែកបណ្តុះ  ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
  • អំពិលទុំ​  ប្រហុក (ប្រហុកសាច់)
    ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
  • ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក (ប្រហុកដាក់តាមដែលចូលចិត្ត)
  • ហាន់ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម  ត្រសក់ជាចំណិតតូចៗ
  • ស្រុះស្តៅរួចបេះយកមែកចេញ។ដាក់លាយជាមួយបន្លែដែលហាន់រួច និងដាក់សណ្តែកបណ្តុះចូល។
  • បេះត្រីដែលចំហុយយកឆ្អឹងចេញ។ ជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នា ដាក់ស្ករស អំបិល ទឹកត្រីតាមរសជាតិដែលចូលចិត្ត។ចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេចុ។